ក្បួនមាស
ក្បួនមាសបានចែងថា ចូរប្រព្រឹត្តចំពោះអ្នកដទៃ តាមរបៀបដែលអ្នកចង់ឲ្យគេប្រព្រឹត្តចំពោះអ្នក។ មានសាសនាជាច្រើនបានប្រើក្បួនមាសនេះ។ ដូចនេះ តើក្បួនមាស ដែលមានក្នុងព្រះបន្ទូលព្រះយេស៊ូវ មានចំណុចអ្វីដែលពិសេសលើសគេ? ជាការពិតណាស់ ក្បួនមាសរបស់ព្រះអង្គមានលក្ខណៈពិសេស នៅត្រង់ពាក្យ “ដូច្នេះ” ដែលបង្ហាញអំពីភាពសប្បុរសរបស់ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណង់បើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត។ ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ”(ម៉ាថាយ ៧:១១-១២)។
យើងគ្រប់គ្នាមិនបានយល់ដឹងច្បាស់ទេថា តាមពិត យើងមិនបានស្រឡាញ់អ្នកដទៃ ដូចដែលព្រះបានស្រឡាញ់យើងឡើយ។ ព្រះយេស៊ូវបានអនុវត្តតាមក្រមសីលធម៌ ដែលគួរឲ្យស្ងប់ស្ងែងនោះ ដោយសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍ តាមរយៈការរស់នៅ និងការសុគតដើម្បីលោះបាបយើងរាល់គ្នា។
យើងមានព្រះវរបិតា ដែលមានក្តីស្រឡាញ់ និងសប្បុរស ដែលមិនបានគិតប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺបានបើកបង្ហាញទំហំនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ តាមរយៈព្រះរាជបុត្រាព្រះអង្គព្រះនាមព្រះយេស៊ូវ។ ភាពសប្បុរសរបស់ព្រះ ជាគំរូដែលបណ្តាលចិត្តយើង ឲ្យប្រព្រឹត្តចំពោះអ្នកដទៃ តាមរបៀបដែលយើងចង់ឲ្យគេប្រព្រឹត្តចំពោះយើង។ យើងស្រឡាញ់ និងបង្ហាញភាពសប្បុរសដល់អ្នកដទៃ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន(១យ៉ូហាន ៤:១៩)។
ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានឲ្យយើងរស់នៅតាមព្រះរាជបញ្ជារបស់ព្រះអង្គ តែព្រះអង្គក៏បានប្រទានយើង នូវអំណាចចេស្តា និងសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងបង្ហាញសេចក្តីស្រឡាញ់នោះដល់អ្នកដទៃ។ យើងគ្រាន់តែទូលសូមឲ្យព្រះអង្គជួយយើង ដើម្បីឲ្យយើងអាចស្រឡាញ់អ្នកដទៃតាមបំណងព្រះទ័យព្រះអង្គ។-David Roper
ប៊ិចដែលអសកម្ម
លោកហារី ទ្រូមិន(Harry Truman) ដែលជាអតីតប្រធានាធិបតីអាមេរិក មានក្បួនមួយសម្រាប់អនុវត្តតាម។ គាត់ថា ចំពោះសំបុត្រណាដែលគាត់បានសរសេរ ទាំងមានកំហឹង គាត់ត្រូវតែទុកវានៅលើតុ ឲ្យបាន២៤ម៉ោងសិន មុននឹងសម្រេចចិត្តផ្ញើរសំបុត្រនោះ។ បើសិនជាគាត់បាន “សម្រួលអារម្មណ៍” បាន២៤ម៉ោងហើយ តែនៅតែមានអារម្មណ៍ខឹងទៀត នោះគាត់នឹងមិនផ្ញើសំបុត្រនោះទៅគេឡើយ។ ជាក់ស្តែង នៅចុងបញ្ចប់នៃជីវិតរបស់លោកទ្រូមិន គាត់បានបន្សល់ទុកនូវសំបុត្រពេញក្នុងថតតុដ៏ធំមួយ ដែលគាត់មិនបានផ្ញើទៅឲ្យគេ។
សព្វថ្ងៃនេះ យើងកំពុងរស់នៅ ក្នុងសម័យដែលមនុស្សអាចទំនាក់ទំនងគ្នា ពីចម្ងាយបានភ្លាមៗ ហើយជាញឹកញាប់ ការពន្យាពេលឲ្យបាន២៤ម៉ោង ដើម្បីរម្ងាប់អារម្មណ៍មុននឹងផ្ញើសារទៅគេ ក៏អាចជួយឲ្យយើងជៀសផុតពីភាពអាម៉ាសផងដែរ។ ក្នុងកណ្ឌគម្ពីរសំបុត្ររបស់សាវ័កយ៉ាកុប យើងឃើញថា គាត់បានលើកឡើងអំពីគ្រោះថ្នាក់នៃការប្រើអណ្តាត ដោយគ្មានការគ្រប់គ្រងឲ្យបានត្រឹមត្រូវ ដែលនេះជាបញ្ហាដែលបានកើតឡើងជាធម្មតា នៅគ្រប់សម័យកាល។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “តែឯអណ្តាតវិញ នោះគ្មានអ្នកណាអាចនឹងផ្សាំងបានឡើយ គឺជារបស់អាក្រក់ដែលទប់មិនបាន ក៏មានពេញដោយពិស ដែលនាំឲ្យស្លាប់”(៣:៨)។ ពេលដែលយើងកំពុងនិយាយដើមគេ និងនិយាយទំាំងកំហឹង នោះមានន័យថា យើងកំពុងតែធ្វើខុសនឹងបំណងព្រះទ័យព្រះហើយ។ អណ្តាតរបស់យើង ប៊ិចរបស់យើង និងសូម្បីតែឃីប៊តរបស់កំព្យូទ័រឬទូរស័ព្ទយើង គួរតែមានភាពអសកម្មឲ្យកាន់តែញឹកញាប់ ពេលដែលយើងមានកំហឹង ហើយយើងគួរអរព្រះគុណព្រះ នៅក្នុងចិត្តយើង សម្រាប់ការដែលព្រះអង្គប្រទាន នូវការគ្រប់គ្រងអារម្មណ៍របស់យើង។ មានពេលជាច្រើនដងពេកហើយ ដែលយើងបានធ្វើឲ្យគេដឹងថាយើងទន់ខ្សោយយ៉ាងណា តាមរយៈពាក្យសម្តីរបស់យើង។
ពេលដែលយើងចង់ធ្វើឲ្យអ្នកដទៃមានការភ្ញាក់ផ្អើល ចំពោះការផ្លាស់ប្រែ ដែលព្រះគ្រីស្ទបានប្រទានក្នុងជីវិតយើង នោះយើងប្រហែលជាគ្រាន់តែគ្រប់គ្រងអណ្តាតរបស់យើង…
មានជំនឿផ្ទាល់ខ្លួន
ក្នុងអំឡុងពេលខ្ញុំកំពុងធ្វើការជាគ្រូបង្រៀន និងគ្រូបង្វឹក នៅឯវិទ្យាល័យគ្រីស្ទបរិស័ទមួយ ខ្ញុំមានអំណរ នៅក្នុងការទំនាក់ទំនងជាមួយក្មេងជំទង់ ដោយព្យាយាមណែនាំពួកគេ ឲ្យរស់នៅ ឲ្យមានគោលបំណង និងមានលក្ខណៈដូចព្រះគ្រីស្ទ ដែលមានសេចក្តីស្រឡាញ់ចំពោះព្រះ និងចំពោះអ្នកដទៃ។ ខ្ញុំមានគោលដៅរៀបចំពួកគេ ឲ្យរស់នៅថ្វាយព្រះអស់មួយជីវិត។ ការនេះអាចកើតឡើងបាន ទាល់តែពួកគេធ្វើឲ្យសេចក្តីជំនឿ ក្លាយជាផ្នែកដ៏សំខាន់នៃជីវិត ដោយជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកដែលឈប់ដើរតាមព្រះគ្រីស្ទ ក៏បានជួបបរាជ័យក្នុងជីវិត បន្ទាប់ពីពួកគេបានចាកចេញពីឥទ្ធិពលនៃគ្រូបង្រៀន និងឪពុកម្តាយ ដែលជាគ្រីស្ទបរិស័ទ។
យ៉ាងណាមិញ ព្រះគម្ពីរបានចែងអំពីបញ្ហានេះផងដែរ គឺនៅក្នុងរឿងស្តេចយ៉ូអាស នៃនគរយូដា និងព្រះអង្គម្ចាស់យេហូយ៉ាដា ដែលជាព្រះបិតុលារបស់ទ្រង់។ យេហូយ៉ាដាជាទីប្រឹក្សាដ៏ឆ្លាតវ័យ ហើយបាននាំស្តេចយ៉ូអាសឲ្យរស់នៅ ក្នុងជីវិតដែលថ្វាយព្រះកិត្តិនាមដល់ព្រះ(២របាក្សត្រ ២៤:១១,១៤)។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាក៏បានកើតឡើង ពេលដែលស្តេចយ៉ូអាស មិនបានរស់នៅក្នុងជីវិតដែលគោរពប្រតិបត្តិព្រះ ដូចយេហូយ៉ាដា។ ពេលយេហូយ៉ាដាលាចាកលោកទៅ ស្តេចយ៉ូអាសក៏បាន “បោះបង់ចោលព្រះវិហាររបស់ព្រះយេហូវ៉ា”(ខ.១៨) ហើយងាកមកថ្វាយបង្គំព្រះរបស់សាសន៍ដទៃវិញ។ ទ្រង់ក៏បានប្រែក្លាយជាមនុស្សអាក្រក់ជួរជាតិណាស់ បានជាទ្រង់ឲ្យគេសម្លាប់កូនរបស់យេហូយ៉ាដា(ខ.២០-២២)។
ការមាននរណាម្នាក់ ក្នុងជីវិតយើង សម្រាប់នាំយើងទៅរកក្តីជំនឿ និងជីវិតដែលមានលក្ខណៈដូចព្រះគ្រីស្ទ គឺពិតជាមានប្រយោជន៍ណាស់។ ហើយដែលកាន់តែប្រសើរថែមទៀតនោះ គឺនៅពេលដែលយើងរៀនស្គាល់ព្រះអម្ចាស់ដោយខ្លួនឯង ហើយរៀនពឹងផ្អែកលើការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ(កាឡាទី ៥:១៦)។ ការនេះនឹងជួយឲ្យយើងមានសេចក្តីជំនឿផ្ទាល់ខ្លួន។-Dave Brannon
ស្លៀកពាក់ដើម្បីបោកបញ្ឆោត
ថ្ងៃមួយ លោកខូធី ខ្រេតតុន(Coty Creighton) បានដើរលេងកម្សាន្តក្នុងតំបន់ព្រៃភ្នំ នៃរដ្ឋយូតាហ៍។ ពេលនោះ គាត់ក៏បានឃើញសត្វពពែមួយក្បាល ដែលមានរូបរាង្គខុសពីពពែដទៃទៀត នៅក្នុងហ្វូង។ ពេលគាត់ចូលទៅមើលជិត ក៏បានដឹងថា សត្វពពែចំឡែកនោះ គឺជាមនុស្សប្រុសម្នាក់ ដែលបានស្លៀកពាក់ដូចសត្វពពែ។ ពួកអាជ្ញាធរក្នុងតំបន់ ក៏បានទាក់ទងគាត់ ដើម្បីសួរនាំ ហើយគាត់ក៏បានរៀបរាប់ថា គាត់បានយកអាវជាប់ខោរបស់ជាងលាបថ្នាំមកបិតរោមចៀមពីលើ ដើម្បីសាកល្បងមើល ថាតើគាត់អាចបន្លំខ្លួន នៅក្នុងការបរបាញ់សត្វបានឬអត់។
ការបន្លំខ្លួនរបស់ព្រានព្រៃម្នាក់នេះ បានក្រើនរំឭកខ្ញុំ អំពីព្រះបន្ទូលរបស់ព្រះយេស៊ូវដែលបានប្រាប់យើងថា “ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ”(ម៉ាថាយ ៧:១៥)។ ពួកគ្រូបង្រៀនក្លែងក្លាយ មិនមានផលផ្លែខាងវិញ្ញាណរបស់ព្រះវិញ្ញាណបរិសុទ្ធទេ(កាឡាទី ៥:២២-២៣)។ ផ្ទុយទៅវិញ ពួកគេ “ដើរតាមសាច់ឈាម … ហើយក៏មើលងាយដល់អស់ទាំងអំណាចត្រួតត្រាដែរ”(២ពេត្រុស ២:១០) គេជាពួកព្រហើន មានក្បាលរឹង ដែលមិនខ្លាចនឹងជេរប្រមាថដល់ទាំងពួកប្រសើរឧត្តមផង ហើយក៏មានចិត្តលោភ(ខ.១០,១៤)។ ពួកគេធ្វើអ្វីតាមតែសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ហើយកេងប្រវ័ញ្ចអ្នកដទៃ ដោយប្រើ “ពាក្យបញ្ឆោតបំពោត”(ខ.៣)។ ព្រះគម្ពីរបានចែងថា ពួកគ្រូក្លែងក្លាយនោះ កំពុងតែដាំក្បាលចុះទៅរកសេចក្តីហិនវិនាស ហើយនឹងនាំមនុស្សជាច្រើនដែលមិនបានដឹងខ្លួន ទៅជាមួយផង(ខ.១-២)។
ព្រះយេស៊ូវជាអ្នកគង្វាលដ៏ល្អ។ ព្រះអង្គមិនបានដឹកនាំយើង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់ព្រះជន្មដើម្បីចៀមរបស់ព្រះអង្គ។ ព្រះមិនសព្វព្រះទ័យឲ្យនរណាម្នាក់ត្រូវពួកគ្រូក្លែងក្លាយនាំឲ្យវង្វេងឡើយ។…
អំណាចដែលធ្វើឲ្យផ្លាស់ប្រែ
មានមនុស្សជាច្រើនចូលចិត្តលេងល្បែងកម្សាន្ត ដែលសាកល្បងចំណេះដឹងរបស់ខ្លួន។ ថ្មីៗនេះ មានមិត្តរួមការងាររបស់ខ្ញុំម្នាក់ បានលេងល្បែងកំសាន្តល្បងចំណេះដឹងព្រះគម្ពីរជាមួយខ្ញុំ។ ដោយសារយើងកំពុងអង្គុយក្នុងកន្លែងបើកចំហរ ក្នុងការិយ៉ាល័យរបស់យើង នោះមនុស្សដែលនៅក្បែរនោះ អាចស្តាប់ឮយើងនិយាយគ្នា។ មិនយូរប៉ុន្មាន យើងក៏ចាប់ផ្តើមសួរគ្នាទៅវិញទៅមក ដោយរាប់ចាប់តាំងពីសំណួរអំពីទូករបស់លោកណូអេ រហូតដល់សំណួរអំពីស្ត្រីនៅមាត់អណ្តូង។ ពេលនោះអ្នកដទៃទៀតដែលនៅក្បែរនោះ ក៏បានចូលរួមឆ្លើយ ពេលឮយើងសួរគ្នា។ ខ្ញុំមានការសប្បាយចិត្តណាស់ ពេលបានដឹងថា មានបុគ្គលិកការិយ៉ាល័យរបស់យើងជាច្រើន បានស្ម័គ្រចិត្តឆ្លើយសំណួរព្រះគម្ពីរ។
ចំណេះដឹងផ្នែកព្រះគម្ពីរ គឺសំខាន់ណាស់ ប៉ុន្តែ ព្រះសព្វព្រះទ័យឲ្យព្រះបន្ទូលព្រះអង្គបានជ្រួតជ្រាបវិញ្ញាណយើង ហើយដិតជាប់នៅក្នុងចិត្ត និងគំនិតរបស់យើង ដើម្បីឲ្យយើងអាចលូតលាស់ ក្នុងទំនាក់ទំនងជាមួយព្រះអង្គ។ ព្រះវិញ្ញាណបរិសុទ្ធប្រើព្រះបន្ទូល ដើម្បីធ្វើឲ្យយើងផ្លាស់ប្រែកាន់តែដូចព្រះគ្រីស្ទ(អេភេសូរ ៤:២០-២៤)។ ចូរពិចារណាអំពីអត្ថប្រយោជន៍ ដែលទទួលបានពីការដែលព្រះបន្ទូលដិតជាប់ក្នុងចិត្តគំនិតយើង ដែលមានដូចជា : សេចក្តីអំណរ និងភាពរីករាយ(យេរេមា ១៥:១៦) ជ័យជម្នះខាងវិញ្ញាណ(យ៉ូស្វេ ១:៨) ឧបករណ៍សម្រាប់ប្រើក្នុងសង្រ្គាមខាងវិញ្ញាណ(ម៉ាថាយ ៤:១-១១) ការកែតម្រង់(២ធីម៉ូថេ ៣:១៥-១៦) ពន្លឺបំភ្លឺផ្លូវយើង(ទំនុកដំកើង ១១៩:១០៥) ប្រាជ្ញាក្នុងការដោះស្រាយបញ្ហា(សុភាសិត ១:១-២) និងនាំឲ្យមានជំនឿ(រ៉ូម ១០:១៧)។
យ៉ាងណាមិញ ការរៀនព្រះគម្ពីរ ដែលគ្រាន់តែដើម្បីបង្កើនចំពោះដឹង អាចនាំឲ្យយើងមានសេចក្តីអំណួតខាងវិញ្ញាណ(១កូរិនថូស ៨:១)។ ប៉ុន្តែ ការអនុញ្ញាតឲ្យព្រះវិញ្ញាណកែប្រែជីវិតយើង ដោយព្រះបន្ទូលព្រះ នាំឲ្យយើងអាចឆ្លងកាត់ទុក្ខលំបាកក្នុងជីវិត ហើយឆ្លើយតប…
មិនបាត់ន័យនៅក្នុងការបកប្រែ
ជាច្រើនឆ្នាំមកហើយ ខ្ញុំមានឱកាស បង្រៀនព្រះគម្ពីរដល់មនុស្សជាច្រើន នៅទូទាំងពិភពលោក។ ដោយសារខ្ញុំចេះនិយាយតែភាសាអង់គ្លេស ខ្ញុំច្រើនតែមានអ្នកបកប្រែជួយប្រែសម្រួលពាក្យពេចន៍ដែលចេញពីចិត្តរបស់ខ្ញុំ ទៅជាភាសារបស់គាត់។ ការបង្រៀនរបស់ខ្ញុំមានប្រសិទ្ធិភាព គឺអាស្រ័យទៅលើជំនាញ និងអំណោយទានរបស់អ្នកបកប្រែទាំងនោះ។ អ្នកបកប្រែទាំងនោះ មានដូចជាកញ្ញាអ៊ីណាវ៉ាទី នៅប្រទេសឥណ្ឌូនេស៊ី កញ្ញាអេននី នៅប្រទេសម៉ាឡេស៊ី និងលោកជីន នៅប្រទេសប្រេស៊ីលជាដើម។ ពួកគេសុទ្ធតែខិតខំធ្វើយ៉ាងណា ឲ្យអ្នកស្តាប់យល់ច្បាស់ អំពីអ្វីដែលខ្ញុំកំពុងនិយាយ។
យើងអាចប្រដូចការងារបកប្រែ ទៅនឹងកិច្ចការមួយ ដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើ ក្នុងជីវិតរបស់រាស្រ្តរបស់ព្រះ។ ពេលយើងអធិស្ឋាន យើងមិនតែងតែដឹងថា ជាគួរអធិស្ឋានយ៉ាងណាទេ(រ៉ូម ៨:២៦) ហើយខ.២៧ បានលើកទឹកចិត្តយើងថា “ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ”។ ពេលយើងចូលទៅចំពោះព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដោយអធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធទ្រង់ជួយយើង ដោយប្រែសម្រួលពាក្យអធិស្ឋានរបស់យើង តាមបំណងព្រះទ័យដ៏ល្អ ដែលព្រះមានសម្រាប់ជីវិតយើង។
នេះពិតជាជំនួយដ៏អស្ចារ្យណាស់។ ព្រះមិនគ្រាន់តែសព្វព្រះទ័យនឹងជ្រាបអំពីអ្វីដែលយើងចង់បង្ហាញចេញពីក្នុងចិត្តយើងប៉ុណ្ណោះទេ តែថែមទាំងបានប្រទានឲ្យយើងមានអ្នកបកប្រែដ៏អស្ចារ្យមួយអង្គសម្រាប់ជួយ ពេលយើងអធិស្ឋាន។ យើងអាចមានទំនុកចិត្តថា ពាក្យអធិស្ឋានរបស់យើងនឹងមិនដែលបាត់ នៅក្នុងការបកប្រែរបស់ព្រះវិញ្ញាណឡើយ។-Bill Crowder
ការភ័យខ្លាចក្លែងក្លាយ
មានឪពុកម្តាយជាច្រើន ចូលចិត្តលេងល្បែងពញ្ញាក់កូនតូចរបស់ខ្លួន ជាការកម្សាន្តសប្បាយទាំងអស់គ្នា ដែលក្នុងនោះ ឪពុកឬម្តាយយកបាតដៃមកបិទមុខរបស់ខ្លួន ពីមុខកូនតូច រួចក៏ដកដៃនោះចេញវិញភ្លាម ដើម្បីបង្ហាញមុខខ្លួន ឲ្យកូនតូចមើល ហើយស្រែកថា “វ៉ាក់អឺ!” ពេលនោះ កូនតូចក៏ភ្លាក់ខ្លួនព្រើត ហើយក៏សើចក្អឹកៗ តាមភាពឡេះឡោះរបស់គាត់។ ការលេងពញ្ញាក់នេះ គ្រាន់តែជាការបន្លាចក្លែងក្លាយ ដែលនាំឲ្យមានភាពសប្បាយរីករាយ។ តែក្រោយមក កូននោះក៏បានជួបរឿងដែលពិតជាធ្វើឲ្យខ្លាចមែន ដែលមិនអាចលេងសើចបានឡើយ។ ការភ័យខ្លាចពិតប្រាកដដំបូងបំផុត ច្រើនតែកើតមាន ពេលដែលក្មេងវង្វេងឪពុកម្តាយ។ ពេលនោះ ក្មេងដើរបែកពីឪពុកម្តាយដោយមិនដឹងខ្លួន ពីកន្លែងមួយទៅកន្លែងមួយទៀត។ តែពេលដែលវាដឹងថា វាបានវង្វេងឪពុកម្តាយហើយ វាក៏ចាប់ផ្តើមមានការតក់ស្លត់ ហើយស្រែកយំភ្លាម។ ឪពុកម្តាយវាក៏ប្រញាប់រត់មករកវា ដែលជាការធានាថា ពួកគាត់មិនបានទុកវាចោលម្នាក់ឯងទេ។
ពេលយើងធំឡើង យើងអាចរកបានការភ័យខ្លាចក្លែងក្លាយ ដែលមានលក្ខណៈទំនើបជាងមុន ដូចជា សៀវភៅរឿង និងខ្សែភាពយន្តបែបភ័យរន្ធត់ និងការជិះគ្រឿងយន្ត ដែលធ្វើឲ្យភ័យខ្លាច ក្នុងសួនកម្សាន្តជាដើម។ ការភ័យខ្លាចបែបនេះ ពិតជាមានការពេញនិយមណាស់ បានជាមានអ្នកខ្លះបានហ៊ានប្រថុយនឹងគ្រោះថ្នាក់កាន់តែធំជាងមុន ដើម្បីទទួលបាននូវការរំភើបចិត្តកាន់តែខ្លាំង។
ប៉ុន្តែ ពេលដែលការភ័យខ្លាចពិតប្រាកដមកដល់ យើងប្រហែលជាដឹងខ្លួនថា យើងបានវង្វេងចេញពីព្រះដែលបានស្រឡាញ់ និងយកព្រះទ័យទុកដាក់ចំពោះយើង គឺមិនខុសពីសាសន៍អ៊ីស្រាអែលសម័យដើមឡើយ(អេសាយ ៣០)។ ពេលយើងដឹងថា យើងកំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ យើងក៏ចាប់ផ្តើមមានការតក់ស្លត់។ ពេលនោះ យើងស្រែកហៅរកជំនួយ ដោយមិនចាំបាច់ប្រើភាសាកាទូត…
គ្មានភាពលំអៀងទៀតឡើយ
ការសែតញូស៍វីក បានធ្វើការស្ទង់មតិក្នុងឆ្នាំ២០១០ ហើយបានរកឃើញថា ជាស្ថិតិ : ៥៧ភាគរយ នៃអ្នកគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិកចូលធ្វើការ បានជឿថា បេកជនដែលដាក់ពាក្យចូលធ្វើការ ដែលមិនមានរូបសម្បត្តិគួរឲ្យទាក់ទាញ(តែមានសមត្ថភាព) ច្រើនតែមានការពិបាកក្នុងការរកការងារធ្វើ។ ហើយ៨៤ភាគរយនៃអ្នកគ្រប់គ្រងបាននិយាយថា ចៅហ្វាយនាយរបស់ពួកគេច្រើនតែមានការស្ទាក់ស្ទើរ ក្នុងការជ្រើសរើសបេកជនដែលមានសមត្ថភាព តែមានវ័យចំណាស់ ឲ្យចូលធ្វើការ។ ម្យ៉ាងទៀត ៦៤ភាគរយ នៃអ្នកគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិកឲ្យចូលធ្វើការ បាននិយាយថា ក្រុមហ៊ុនទាំងឡាយគួរតែទទួលការអនុញ្ញាតឲ្យជ្រើសរើសបុគ្គលិកចូលធ្វើការ ដោយផ្អែកទៅលើរូបសម្បត្តិ។ ស្ថិតិនេះបានបង្ហាញយ៉ាងច្បាស់ថា ការជ្រើសរើសបុគ្គលិកឲ្យចូលធ្វើការយ៉ាងដូចនេះ គឺជាភាពលំអៀងដែលមិនអាចទទួលយកបានឡើយ។
ភាពលំអៀងដូចនេះ មិនមែនមានតែក្នុងសម័យបច្ចុប្បន្នឡើយ។ វាក៏បានកើតមាន ក្នុងពួកជំនុំដំបូងផងដែរ បានជាសាវ័កយ៉ាកុបបានប្រឈមមុខដោះស្រាយបញ្ហានេះ។ លោកយ៉ាកុបបានមានប្រសាសន៍ នៅក្នុងសំបុត្ររបស់គាត់ ដោយចិត្តជាគ្រូគង្វាលថា “បងប្អូនអើយ កុំឲ្យមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ដ៏ឧត្តមនៃយើង ដោយរើសមុខអ្នកណាឡើយ”(យ៉ាកុប ២:១)។ បន្ទាប់មក គាត់ក៏បានលើកឡើងអំពីឧទាហរណ៍ នៃភាពលំអៀងទៅរកអ្នកមាន ហើយមិនអើពើចំពោះអ្នកក្រ(ខ.២-៤)។ ភាពលំអៀងដូចនេះ មិនសមស្របនឹងជំនឿលើព្រះគ្រីស្ទទេ(ខ.១) និងបានក្បត់នឹងព្រះគុណរបស់ព្រះ(ខ.៥-៧) ល្មើសនឹងក្រឹត្យវិន័យនៃក្តីស្រឡាញ់(ខ.៨) ហើយក៏ជាអំពើបាបផង(ខ.៩)។ ដើម្បជម្នះភាពលំអៀងនេះ យើងត្រូវយកគំរូតាមព្រះយេស៊ូវ ដោយស្រឡាញ់អ្នកជិតខាងយើង ឲ្យដូចខ្លួនឯង។
យើងប្រឆាំងនឹងវិញ្ញាណនៃភាពលំអៀង ពេលដែលយើងបង្ហាញចេញនូវក្តីស្រឡាញ់របស់ព្រះ ឲ្យបានទូលំទូលាយ ដោយស្រឡាញ់គ្នា និងប្រព្រឹត្តល្អចំពោះគ្នាទៅវិញទៅមក។-Marvin Williams
ការចង់បានអ្វីមួយភ្លាមៗ
ពេលដែលកាំមីរ៉ាម៉ាកប៉ូឡារយ អេសអិច៧០(Polaroid SX-70) ចាប់ផ្តើមមានដាក់លក់ ក្នុងឆ្នាំ១៩៧២ កាំមីរ៉ាម៉ាកនេះក៏បាននាំឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងសិល្បៈនៃការថតរូប។ លោកអូវិន អេឌវើត(Owen Edward) បានធ្វើការអត្ថាធិប្បាយ ក្នុងទស្សនាវដ្តីស្មីតសូនៀនថា “កាំមីរ៉ា គឺជាការអស្ចារ្យនៃរូបវិទ្យា អុបទិក និងអេឡិចត្រូនិច”។ ពេលយើងប្រើកាំមីរ៉ាប្រភេទនេះ ដើម្បីថតរូបភាព យើងគ្រាន់តែចុចប៊ូតុងថតយករូបភាព ហើយភ្លាមនោះ “មានក្រដាស់ទទេរាងការេមួយសន្លឹកក៏បានចេញតាមផ្នែកខាងមុខរបស់កាំមីរ៉ា ហើយប្រែពណ៌ចេញជារូបថតតែម្តង”។ មនុស្សម្នាចូលចិត្តកាំមីរ៉ាប្រភេទនេះណាស់ ព្រោះពួកគេអាចថតភ្លាម ហើយបានរូបថតភ្លាម ដោយមិនបាច់រង់ចាំយូរ។
យ៉ាងណាមិញ លោកអូស្វ៊ល ឆេមប័រ(Oswald Chambers) បានយល់ថា ការចង់បានអ្វីភ្លាមៗ មានទំនាក់ទំនងយ៉ាងខ្លាំង នឹងការលោភចង់បាន។ គាត់មានប្រសាសន៍ថា ការលោភចង់បាន គឺមានន័យថា “ខ្ញុំចង់បានរបស់នេះភ្លាមៗ”។ វាអាចជាការស្រេកឃ្លានខាងសាច់ឈាម ឬការចង់បានរបស់កម្មសិទ្ធិខាងវិញ្ញាណ … ឧទាហរណ៍ “ខ្ញុំមិនអាចរង់ចាំការឆ្លើយតបរបស់ព្រះបានទេ ព្រះអង្គពិតជាតស់តើយនឹងខ្ញុំពេកហើយ”។ ដូចនេះ ការលោភចង់បាន គឺមានអត្ថន័យដូចនេះឯង គឺមិនខុសពីការចង់បានអ្វីភ្លាមៗឡើយ។
ក្នុងទំនុកដំកើង ជំពូក២៧ ស្តេចដាវីឌបានរៀបរាប់អំពីការដែលទ្រង់រង់ចាំព្រះ ក្នុងអំឡុងពេលដែលមានបញ្ហាដ៏ធំ ដោយមិនដឹងថា ត្រូវដោះស្រាយយ៉ាងដូចម្តេចទេ។ តែទ្រង់មិនបានអស់សង្ឃឹមទេ ផ្ទុយទៅវិញ ទ្រង់នៅតែមានទំនុកចិត្តថា ទ្រង់ “នឹងបានមើលឃើញសេចក្តីល្អរបស់ព្រះអម្ចាស់ ក្នុងស្ថានរបស់មនុស្សរស់”(ខ.១៣)។…
សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ សម្រាប់មនុស្សទាំងអស់
ថ្ងៃមួយ ខ្ញុំបានជួបរឿងចម្លែកបន្តិច។ ខ្ញុំបានស្តាប់ឮបទចម្រៀងដដែលបីដង ក្នុងថ្ងៃតែមួយ នៅពេល និងទីកន្លែងខុសគ្នា។ នៅពេលរសៀល ខ្ញុំបានចូលរួមការច្រៀងចំរៀងទំនុកដំកើង នៅក្នុងផ្ទះសម្រាប់មនុស្សចាស់ជរា។ ពេលលោកវីលី(Willie) កំពុងអធិស្ឋានបិទកម្មវិធី មានចាស់ទុំម្នាក់បានសុំឲ្យយើងច្រៀងបទ “ព្រះយេស៊ូវស្រឡាញ់ខ្ញុំ” ជាមួយនឹងគាត់។ ដល់ពេលល្ងាចរៀងជ្រេបន្តិច ខ្ញុំក៏បានចូលរួមការជួបជុំគ្នា ជាមួយក្មេងជំទង់មួយក្រុម នៅកន្លែងផ្សេងទៀត ដែលនៅទីនោះ ពួកគេក៏បានច្រៀងបទនេះផងដែរ ដោយការទះដៃ និងគោះជើងតាមចង្វាក់ភ្លេង។ ក្រោយមកទៀត ខ្ញុំក៏បានទទួលសារជាសម្លេងក្នុងទូរស័ព្ទ ពីកូនរបស់ខ្ញុំ ដែលគាត់បានថតសម្លេងចៅស្រីរបស់ខ្ញុំ ច្រៀងបទមួយនេះផងដែរ ដោយសម្លេងតូចដ៏ពិរោះរបស់ក្មេងអាយុ២ឆ្នាំកន្លះ ដោយច្រៀងថា “ខ្ញុំខ្សោយ តែព្រះអង្គខ្លាំង”។ ដូចនេះ សរុបមក នៅថ្ងៃនោះ មានមនុស្សចាស់ជរា ក្នុងវ័យ៩០ឆ្នាំ ក្មេងជំទង់ និងក្មេងដែលកំពុងរៀនដើរ សុទ្ធតែបានច្រៀងបទមួយនេះទាំងអស់គ្នា។
បន្ទាប់ពីបានស្តាប់បទចម្រៀងដ៏សាមញ្ញមួយនេះ បីដងហើយ ខ្ញុំក៏បានគិតថា ព្រះអម្ចាស់ប្រហែលជាកំពុងតែមានបន្ទូលមកកាន់ខ្ញុំ តាមរយៈបទចម្រៀងនោះហើយ។ ជាការពិតណាស់ ព្រះអង្គបានមានបន្ទូលមកកាន់ខ្ញុំតាំងពីយូរមកហើយថា ព្រះអង្គស្រឡាញ់ខ្ញុំ។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១៩ យើងឃើញថា ព្រះអង្គបានអនុញ្ញាតឲ្យគេយកភួងបន្លាមកពាក់ពីលើព្រះកេសព្រះអង្គ ហើយបានឲ្យគេសើចចម្អក វាយដំ ដោះព្រះពស្ត្រ រួចឆ្កាងព្រះអង្គ(ខ.១-៦)។ ពេលនោះ ព្រះអង្គមានអំណាចបញ្ឈប់ពួកគេ តែព្រះអង្គមិនបានមានបន្ទូលអ្វីច្រើនទេ(ខ.១១)។ ព្រះអង្គបានធ្វើការទាំងអស់នេះ ដើម្បីសេចក្តីស្រឡាញ់…